Apple ចេញ​សេចក្ដីថ្លែងការណ៍​ប្រាប់​អតិថិជន​អំពី​របៀប​ជួសជុល​បញ្ហា​លើ iOS 8.0.1





iOS 8 មាន​បញ្ហា​សេវា​ទូរស័ព្ទ និង​ Touch IDប្រភព៖​ engadget





 ក្រុមហ៊ុន Apple បាន​ដាក់​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8.0.1 ក៏​ប៉ុន្តែ mobile OS ជំនាន់​ថ្មី​នេះ​ពុំ​ទាន់​ដំណើរការ​បាន​រលូន​ស្រួល​នៅ​ឡើយ ជាក់ស្ដែង​អតិថិជន​មួយ​ចំនួន​បាន​រាយការណ៍​ថា ក្រោយ​ពី​ធ្វើ​បច្ចុប្បន្នភាព​រួច បាន​ជួប​បញ្ហា ទូរស័ព្ទ​បាត់​សេវា និង​មុខងារ​ស្កេន​ក្រយៅដៃ​ក៏​ដំណើរការ​មិន​ប្រក្រតី។ ទោះជា​យ៉ាងណា ថ្ងៃ​នេះ​ក្រុមហ៊ុន Apple បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ប្រាប់​អំពី​របៀប​ជួសជុល iOS 8.0.1 ដល់​អតិថិជន។

Apple បាន​បញ្ជាក់​ប្រាប់​អ្នក​ដែល​បាន​ដំឡើង​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ ចុងក្រោយ iOS 8.0.1 នេះ​ថា ប្រសិន​ជួប​ករណី​ដូច​ខាង​លើ គឺ​ត្រូវ​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ដំបូង​ឡើង​វិញ (reinstall) ឬ​រង់ចាំ​រហូត​ដល់ iOS 8.0.2 នឹង​ចេញ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ខាងក្រោម​នេះ​គឺ​ជា​សេចក្ដី​ថ្លែងការណ៍​ពី​ក្រុមហ៊ុន Apple៖
«យើង​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ដំណោះស្រាយ​ជុំវិញ​បញ្ហា iPhone 6 និង iPhone 6 Plus ដែល​មាន​បញ្ហា​ដោយ​បាត់​សេវា​ទូរស័ព្ទ និង​មុខងារ Touch ID នៅ​ថ្ងៃ​នេះ​បន្ទាប់​ពី​ធ្វើ​បច្ចុប្បន្នភាព​ដល់ iOS 8.0.1។ ចំពោះ​អ្នក​ប្រើ​ដែល​ជួប​បញ្ហា​បែបនេះ អាច reinstall iOS 8 តាម iTunes ឡើង​វិញ សម្រាប់​ព័ត៌មាន​លំអិត​សូម​ចូល​ទៅ​កាន់ http://support.apple.com/kb/HT6487។ យើង​សូម​អធ្យាស្រ័យ​ចំពោះ​បញ្ហា​រអាក់រអួល​នេះ ហើយ​នៅ​ពេល​នេះ ក្រុមហ៊ុន​កំពុង​រៀបចំ​ធ្វើ​កំណែប្រែ​ឱ្យ​ដំណើរការ​ស្រួល​ឡើង​វិញ​នៅ​លើ iOS 8.0.2 ដែល​នឹង​ដាក់​ចេញ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ឆាប់ៗ​ខាង​មុខ»។

ក្រុមហ៊ុន Apple បាន​ប្រាប់​ពី​គន្លឹះ​ក្នុង​ការ​ reinstall ប្រព័ន្ធ​ប្រតិបត្តិការ iOS 8.0 ដូច​ខាង​ក្រោម៖
១) បើក​កម្មវិធី iTunes ដែល​ជា​ជំនាន់​ចុងក្រោយ​បង្អស់
២) ភ្ជាប់ iPhone ទៅ​នឹង iTunes
៣) backup iPonne តាម iTunes នៅ​លើ Mac ឬ Windows។ ចំពោះ​ការ​ backup តាម​សេវាកម្ម iCloud គឺ​នឹង​មិន​អាច restore មក​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់​បាន​ទេ រួម​ទាំង iOS 8
៤) ទាញ​យក (Download) firmware របស់ iPhone 6 និង iPhone 6 Plus
៥) ជ្រើសរើស​យក file (firmware) ដែល​អ្នក​បាន​ទាញ​យក រួច​អនុវត្ត​តាម​របៀប​ខុស​គ្នា​ទៅ​តាម​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ ដូច​ខាង​ក្រោម៖
សម្រាប់ Mac៖ ចុច​លើ Option key និង​ចុច​លើ​ប៊ូតុង Check for Update
សម្រាប់ Windows៖ ចុច​លើ Shift key និង​ចុច​លើ​ប៊ូតុង Check for Update

៦) ចុច​លើ​ប៊ូតុង Update ដើម្បី​ដំឡើង iOS 8 នៅ​លើ iPhone។

(ចំណាំ៖ កម្មវិធី Health app នឹង​មិន​ដំណើរការ​លើ iOS 8 បាន​ទេ​ក្រោយ​ពី​អនុវត្ត​តាម​ជំហាន​ខាង​លើ ក៏​ប៉ុន្តែ​វា​នឹង​ត្រូវ​បាន​ជួសជុល​នៅ​លើ iOS 8.0.2 ដែល​នឹង​ចេញ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ apple, engadget, macrumors

No comments:

Post a Comment