សង្គមស៊ីវិលចាត់ទុកកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនពីអូស្ត្រាលីស្ថិតក្នុងភាពអាថ៌កំបាំង
ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃសុក្រ ទី26 កញ្ញា 2014
ក្រុមសង្គមស៊ីវិល និងអ្នកសារព័ត៌មានរិះគន់ការលាក់បាំងព័ត៌មានក្រោយពីការចុះហត្ថលេខាលើ អនុស្សារណៈយោគយល់រវាងកម្ពុជា និងអូស្ត្រាលី ក្នុងការទទួលយកជនភៀសខ្លួនថាស្ថិតក្នុងភាពអាថ៌កំបាំង។
នៅរសៀលថ្ងៃសុក្រនេះ នៅទីស្តីការក្រសួងមហាផ្ទៃ រដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលីបានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈយោគយល់គ្នាមួយ ដោយទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកតាំងទីលំនៅក្នុងប្រទេស កម្ពុជា។ ក្រោយពីបញ្ចប់ពិធីចុះហត្ថលេខា ភាគីទាំងពីរមិនមានធ្វើសន្និសីទសារព័ត៌មាន ឬផ្តល់បទសម្ភាសន៍ណាមួយទេ ក្រៅពីសេចក្ដីប្រកាសព័ត៌មានរួមរបស់ប្រទេសទាំងពីរ។ពាក់ព័ន្ធនឹងការលាក់បាំងមិនព្រមផ្តល់ព័ត៌មានក្រោយពីចុះហត្ថលេខា នេះ ប្រធានសមាគមការពារសិទ្ធិមនុស្សហៅកាត់ថា អាដហុក លោក ធន សារាយ យល់ថាការបិទបាំងព័ត៌មានពីការទទួលយកជនភៀសខ្លួននេះ ហាក់មានភាពមិនប្រក្រតីមួយចំនួនកើតឡើង។ លោកថាកម្ពុជាមិនមែនជាប្រទេសអ្នកមាន ឬមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលខុសត្រូវលើជនទាំងនោះឡើយ ដូច្នេះការទទួលយកនេះប្រហែលដោយសារកម្ពុជា ទទួលបានផលប្រយោជន៍អ្វីម្យ៉ាង ពីរដ្ឋាភិបាលអូស្ត្រាលី។លោកបន្ថែមថា កម្ពុជាមិនត្រូវទទួលយកជនភៀសខ្លួនទាំងនោះដោយសារតែទទួលបានជំនួយ នោះទេ។
ចំណែកអគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្ម លោក សួន ប៊ុនស័ក្កិ យល់ថានេះគឺជាការប្រកាន់ជំហមួយដែលមិនប្រកាន់ លោកថានេះជាការខុសឆ្គងមួយសម្រាប់រដ្ឋាភិបាលដែលកើតពីប្រជាធិបតេយ្យ ដែលមិនប្រកាន់យកគោលការណ៍តម្លាភាព។ លោកថា រដ្ឋាភិបាលគួរតែបង្ហាញព័ត៌មានជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា បានដឹងពីលទ្ធភាពទទួលយកជនភៀសខ្លួន។
សម្រាប់ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានបញ្ចេញមតិលើទំព័រហ្វេសប៊ុករបស់លោកថា « ហេតុផលនៅខាងក្រោយកិច្ចព្រមព្រៀងនេះអាចបណ្តាលមកពីប្រទេសអូស្ត្រាលី នឹងឈប់ធ្វើការថ្កោលទោសការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ រដ្ឋាភិបាលកម្ពុជាអាចនឹងទទួលបានភាពស្របច្បាប់ និងលុយ ហើយអូស្ត្រាលីនឹងអាចសម្រាលបញ្ហារបស់ខ្លួន និងការពារអ្នកស្វែងរកសិទ្ធិជ្រកកោនថ្មី។ ហើយវាក៏ជាកិច្ចព្រមព្រៀងឈ្នះឈ្នះសម្រាប់ទាំង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង Abbot (នាយករដ្ឋមន្ត្រីអូស្ត្រាលី)។ ចំណែកជនភៀសខ្លួន និងប្រជាជនកម្ពុជាគឺជាអ្នកចាញ់ក្នុងកិច្ចព្រមព្រៀងនេះ»។
ចំណែកអ្នកកាសែតមួយរូបដែលបានចូលរួមយកព័ត៌មានពីការចុះហត្ថលេខានៅ រសៀលនេះ លោក គង់ សិរីរ័ត្ន បានសម្តែងការសោកស្តាយចំពោះការមិនផ្តល់ព័ត៌មានដល់ប្រព័ន្ធ ផ្សព្វផ្សាយដែលជាអ្នកនាំយកដំណឹងពិតប្រាកដដល់ប្រជាពលរដ្ឋ។ លោកថា នេះគឺជាការលាក់បាំងនូវចំណុចអវិជ្ជមានជាច្រើនរបស់រដ្ឋាភិបាល កម្ពុជា និងអូស្ត្រាលី។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ប្រទេសទាំងពីរ ដែលបានចែកជូនដល់អ្នកសារព័ត៌មានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី សន្យាថាខ្លួននឹងជួយប្រទេសកម្ពុជាទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសទូទៅដើម្បីធ្វើឲ្យការងារទទួលជនភៀសខ្លួន ពីប្រទេសអូស្ត្រាលីទទួលបានជោគជ័យ។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា អូស្ត្រាលីនឹងប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ខ្លួនដើម្បីជួយដល់កម្ពុជាក្នុងការពង្រឹងការគាំទ្រ ផ្តល់ទីលំនៅដល់ជនភៀសខ្លួននៅប្រទេសកម្ពុជា។ សេចក្តីប្រកាសរួមបន្តថា ជាផ្នែកនៃការប្តេជ្ញាចិត្តនេះ ប្រទេសអូស្ត្រាលីនឹងទទួលរ៉ាប់រងផ្ទាល់លើថ្លៃចំណាយក្នុងការបញ្ជូន ជនភៀសខ្លួន រួមទាំងការគាំទ្រចាំបាច់ដល់ជនភៀសខ្លួន និងការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីធានាថាកម្ពុជាមានធនធានគ្រប់គ្រាន់ក្នុងការទទួល និងសមាហរណកម្មជនភៀសខ្លួនដោយជោគជ័យ។
មុនពេលធ្វើដំណើរមកកម្ពុជាដើម្បីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ គ្នានៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលីលោក ស្កុត ម៉ូរីសុន បានប្រាប់សារព័ត៌មានអូស្ត្រាលីABCថា ប្រទេសអូស្ត្រាលីនឹងផ្តល់ជំនួយបន្ថែមចំនួន៣៥លានដុល្លារអាមេរិក លើជំនួយដែលមានស្រាប់ប្រមាណ៧០លានដុល្លារអាមេរិក សម្រាប់គម្រោងលើផ្នែកអង្ករ ការដោះមីន និងកំណែទម្រង់ប្រព័ន្ធបោះឆ្នោតជាដើម។ លោកបន្តថារដ្ឋាភិបាលអូស្ត្រាលី នឹងចំណាយលើការស្នាក់នៅផ្សេងៗទៀតដល់ជនភៀសខ្លួន។
លោក ស្កុត ម៉ូរីសុន បានឲ្យដឹងទៀតថា ការផ្ទេរជនភៀសខ្លួនមកកម្ពុជាអាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ២០១៤ នេះ ដោយមិនមានការកំណត់ចំនួនឡើយ។ លោកបន្តថាការផ្ទេរជនភៀសខ្លួននេះនឹងជួយប្រទេសអូស្ត្រាលីអាចសម្រេច នូវគោលនយោបាយ «មិនមាននរណាម្នាក់មកតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលី»៕
No comments:
Post a Comment