ហេតុអ្វីបានជាអូស្ត្រាលីបញ្ជូនជនភៀសខ្លួនមកកម្ពុជា?
ដោយ Saophalniseiy
ថ្ងៃនេះគេហទំព័រព័ត៌មាន ថ្មីៗ សូមលើកយកនូវចំណុចសំខាន់ដែលគួរយល់ដឹង និងទុកជាគំនិតពិចារណា៖
១. តើជនភៀសខ្លួនទាំងនោះជាអ្នកណា?
ជនភៀសខ្លួនជាធម្មតាជាជនដែលងាយរងគ្រោះ
ដែលពួកគេព្យាយាមរត់គេចចេញពីគ្រោះមហន្តរាយ សង្គ្រាមស៊ីវិល
ការសម្លាប់រង្គាល បញ្ហាអស្ថិរភាព និងអសន្តិសុខផ្សេងទៀត។
តាមពិតទៅពួកគេត្រូវបានការពារដោយច្បាប់
ជាពិសេសអនុសញ្ញាស្តីពីសិទ្ធិជនភៀសខ្លួនអនុម័តឆ្នាំ១៩៥១
និងពិធីសារស្តីពីឋានៈជនភៀសខ្លួនឆ្នាំ១៩៦៧ ។
ទាក់ទិននឹងជនភៀសខ្លួនអូស្ត្រាលី
របាយការណ៍ជាច្រើនបានបង្ហាញថាជនភៀសខ្លួនដែលកំពុងស្វះស្វែងរកសិទ្ធិ
ជ្រកកោននៅអូស្ត្រាលីនោះ ភាគច្រើនជាជនជាតិអ៊ីរ៉ាក់ អ៊ីរ៉ង់
អាហ្វហ្កានីស្ថាន និងស្រីលង្ការ
ហើយពួកគេស្វែងរកសិទ្ធិជ្រកកោនដើម្បីកសាងជីវភាព
និងគេចពីគ្រោះថ្នាក់។
ប្រជាជនកម្ពុជាមួយចំនួនបានចាត់ទុកបណ្តាក្រុមជនភៀសខ្លូនទាំងនោះជា
កាកសំណល់ដែលអូស្ត្រាលីមិនទទួលយក
តែប្រជាជនខ្មែរគួរពិចារណាអោយបានស៊ីជម្រៅជាងនេះ
ដ្បិតមានហេតុផលមួយចំនួនដែលជំរុញអោយអូស្ត្រាលីត្រូវបញ្ជូន
ជនភៀសខ្លួនទៅប្រទេសទីបីទៀត។ ជនភៀសខ្លួនទាំងនោះមិនមែនជាកាកសំណល់
ឬមនុស្សមិនល្អឡើយ តែពួកគេរត់គេចចេញពីគ្រោះថ្នាក់និងភាពភ័យខ្លាច
សង្គ្រាមស៊ីវិល ការធ្វើទុកបុកម្នេញ
ហើយពួកគេប្រាថ្នាចង់បានជីវិតរស់នៅប្រកបដោយសេចក្តីសុខ
និងសុភមង្គលដូចប្រជាជនទូទៅដែរ។
២.ហេតុអ្វីចាំបាច់ត្រូវទទួលយកជនភៀសខ្លួនអោយតាំងទីលំនៅ?
ការទទួលយកការសុំជ្រកកោនរបស់ជនភៀសខ្លួនជាកាតព្វកិច្ចផ្នែកមនុស្សធម៌
ហើយកាតព្វកិច្ចនេះក៏មានចែងកំណត់ក្នុងអនុសញ្ញាស្តីពីជនភៀសខ្លួន
ឆ្នាំ ១៩៥១ថែមទៀតផង។ ក្រៅពីនេះ
ការទទួលយកជនភៀសខ្លួននេះវាក៏ទាក់ទងទៅនឹងបញ្ហានយោបាយ
ដោយប្រទេសទាំងនោះ យល់ឃើញពីការទទួលបានផលប្រយោជន៍សេដ្ឋកិច្ច
ការលើកកម្ពស់កិត្តិយសប្រទេសជាតិលើឆាកអន្តរជាតិ
ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌។ តាមពិត
ស្ថាប័នឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួននៃ
អង្គការសហប្រជាជាតិ
បានរៀបចំនូវកម្មវិធីមួយអនុញ្ញាតអោយជនភៀសខ្លួនតាំងទីលំនៅ
នៅក្នុងប្រទេសដែលស្ម័គ្រចិត្តទទួលយកជនភៀសខ្លួនទាំងនោះ។
ចំនួនប្រទេសដែលចូលរួមនៅក្នុងកម្មវិធីនេះ
មានការកើនឡើងជាលំដាប់ដែលក្នុងនៅមានទាំងនៅអាមេរិកខាងជើង
អាមេរិកខាងត្បូង អាស៊ី អាហ្វ្រិក និងអឺរ៉ុប
ហើយក្នុងនោះក៏មានប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។
៣.ចុះហេតុអ្វីបានជារដ្ឋាភិបាលអូស្ត្រាលីមិនបន្តទទួលយកជនភៀសខ្លួនអោយរស់នៅក្នុងទឹកដីខ្លួន?
មានហេតុផលមួយចំនួនដែលជំរុញអោយអូស្ត្រាលីចាំបាច់ ត្រូវបញ្ជូនជនភៀសខ្លួនទៅកាន់ប្រទេសទីបី៖
-គោលនយោបាយរបស់គណបក្សលោកនាយករដ្ឋមន្ត្រី Tony Abbott ៖
តាមពិតទៅ ក្រោយពីឈ្នះឆ្នោតនៅឆ្នាំ២០១៣ លោក Tony Abbott
បានឡើងកាន់តំណែងជំនួសលោកនាយករដ្ឋមន្ត្រី Keven Rudd
ដែលមកពីគណបក្សការងារ
ហើយរដ្ឋាភិបាលថ្មីដឹកនាំរដ្ឋាភិបាលចម្រុះបានចាប់ផ្តើមរឹតបន្តឹង
ការផ្តល់សិទ្ធិជ្រកកោនដល់ជនភៀសខ្លួន
ដ្បិតបញ្ហានេះជាបញ្ហាក្តៅផ្នែកនយោបាយក្នុងស្រុក។ លោក Abbott
បានប្រើប្រាស់យោធាអោយរឹតបន្តឹង
និងគ្រប់គ្រងលើការសុំសិទ្ធិជ្រកកោនរបស់ជនភៀសខ្លូនទាំងនោះ
ហើយរាល់ទូករបស់ជនភៀសខ្លួនដែលសំចតនៅអូស្ត្រាលី
នឹងត្រូវគេបណ្តេញចេញ និងបញ្ចូនទៅកាន់ទឹកដីផ្សេងទៀត។
កាលពីប៉ុន្មានខែមុន រដ្ឋាភិបាលអូស្ត្រាលី
ធ្លាប់បញ្ជូនក្រុមជនភៀសខ្លួនដែលស្វែងរកសិទ្ធិជ្រកកោននៅអូស្ត្រាលី
ទៅឥណ្ឌូនេស៊ីវិញក៏មាន។
-ចំនួនជនភៀសខ្លួនធ្វើដំណើរមកអូស្ត្រាលីកាន់តែច្រើនឡើង៖
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
ចំនួនជនភៀសខ្លួនដែលធ្វើដំណើរមកសុំសិទ្ធិរស់នៅនៅក្នុងទឹកដី
អូស្ត្រាលីមានការកើនឡើងខ្លាំង។
តាមពិតទៅមានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលចូលរួមក្នុងកម្មវិធី
តាំងទីលំនៅថ្មីរបស់ជនភៀសខ្លួន
បង្កើតឡើងដោយឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន
ក្នុងនោះមានអាមេរិក កាណាដា អូស្ត្រាលី ប្រទេសនៅអឺរ៉ុបខាងកើត
និងអាមេរិកឡាទីន។ យោងតាមរបាយការណ៍ឧត្តមស្នងការខាងលើ ក្នុងឆ្នាំ
២០១៣ អូស្ត្រាលីបានអនុញ្ញាតទទួលយកជនភៀសខ្លួនប្រមាណ
២៤០០០០នាក់ដែលស្មើនឹងចំនួន ៤ភាគរយ នៃចំនួនជនភៀសខ្លួនទូទាំងពិភពលោក
ដែលនេះជាចំនួនដ៏ធំមួយ។
ប៉ុន្តែយ៉ាងណាក៏ដោយចំនួនជនភៀសខ្លួនទាមទារសិទ្ធិជ្រកកោនមានការកើនឡើង
ជាលំដាប់
ដូច្នេះហើយទើបរដ្ឋាភិបាលអូស្ត្រាលីចាំបាច់ត្រូវរឹតបន្តឹងការទទួលយក
ជនភៀសខ្លួន។
-ជំរុំសម្រាប់ជនភៀសខ្លួនមានភាពខ្វះខាតនិងប៉ះពាល់ដល់សុខភាព
តាមពិតទៅនៅអូស្ត្រាលី
មិនបានទទួលយកជនភៀសខ្លួនអោយទៅរស់នៅក្នុងទឹកដីគេផ្ទាល់ឡើយ
តែរដ្ឋាភិបាលកង់បេរ៉ា
បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាងដូចជាប៉ាពូញូហ្គីណេ
និងណាអូរ៉ូ អោយទទួលយកការតាំងលំនៅរបស់ក្រុមជនភៀសខ្លួនទាំងនោះ។
ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីថ្មីៗនេះ
មានរបាយកាណ៍មួយបញ្ជាក់ថាជំរុំដែលជនភៀសខ្លួនទាំងនោះកំពុងរស់នៅមាន
កង្វះអនាម័យ ខ្វះសេវាថែទាំ និងគ្មានជំនួយឧបត្ថម្ភត្រឹមត្រូវ
ហើយក្មេងប្រុសជនជាតិអ៊ីរ៉ង់ពីរនាក់បានស្លាប់បាត់បង៉ជីវិតដោយសារ
បញ្ហានេះផងដែរ។ ដោយសារតែបញ្ហាប្រឈមទាំងនេះ
ទើបគេចាំបាច់ត្រូវផ្លាស់ប្តូរការតាំងទ៏លំនៅរបស់ជនភៀសខ្លួន
ទាំងនោះ។
៤.
តើការតាំងទីលំនៅនៅកម្ពុជារបស់ក្រុមជនភៀសខ្លួនទាំងនោះជាលក្ខណៈ
អចិន្ត្រយ៍ឬ?
ហើយរដ្ឋាភិបាលមានភារកិច្ចធ្វើអ្វីខ្លះចំពោះជនភៀសខ្លួនទាំងនោះ?
វាទាក់ទងនឹងការសម្រេចចិត្តរបស់ជនភៀសខ្លួនទាំងនោះ
ពួកគេអាចចាកចេញពីកម្ពុជាត្រលប់ទៅប្រទេសកំណើតពួកគេវិញ
និងអាចបន្តសុំសិទ្ធិជ្រកកោននៅទឹកដីប្រទេសណាដែលពួកគេចង់ទៅរស
នៅបានទៀត។ ពាក្យថាការតាំងទីលំនៅថ្មី(Resettlement)
ដែលមានចែងក្នុងអនុញ្ញាសញ្ញាអន្តរជាតិ
និងនៅក្នុងគម្រោងផ្តល់ការតាំងទីលំនៅរបស់ទីភ្នាក់ងារទទួលបន្ទុក
ជនភៀសខ្លួន
មានន័យថាប្រទេសដែលទទួលយកជនភៀសខ្លួនមានជាប់កាតព្វកិច្ចត្រូវតែផ្តល់
ការការពារផ្លូវច្បាប់ និងរូបរាងកាយដល់ជនភៀសខ្លួន
ការផ្គត់ផ្គង់សេវាសុខាភិបាល ជាពិសេសផ្តល់អោយពួកគេនូវសិទ្ធិនយោបាយ
សេដ្ឋកិច្ច សង្គម វប្បធម៌ ជាដើមដួចប្រជាជននៃរដ្ឋនោះដែរ។
មិនត្រឹមតែប៉ុណ្ណោះរដ្ឋាភិបាល
និងអង្គការសង្គមស៊ីវិលត្រូវផ្តល់អោយជនភៀសខ្លួនទាំងនោះនូវ
សេវាសាធារណៈ ការសម្រួលដល់ការធ្វើសមាហរណកម្មជាមួយប្រជាជនដទៃទៀត
ផ្តល់ការបណ្តុះបណ្តាលបំពាក់បំប៉នដល់បណ្តាជនភៀសខ្លួនទាំងនោះដើម្បីអោយ
ពួកគេក្លាយជាកម្លាំងចលករមួយជំរុញសេដ្ឋកិច្ចជាតិអោយលូតលាស់។
៥.ហេតុអ្វីស្ថាប័នអន្តរជាតិ និងប្រជាជនមួយចំនួនមិនគាំទ្រអោយជនភៀសខ្លួនទាំងនោះមកតាំងទីលំនៅនៅកម្ពុជា?
តាមពិតទៅជនភៀសខ្លួនទាំងនោះ
គួរតែអាចទទួលបានសិទ្ធិជ្រកកោននៅក្នុងទឹកដីនៃប្រទេសដែលខ្លួនទៅដល់
ដំបូងបំផុត
ហើយមិនគួរត្រូវបានប្រទេសអូស្ត្រាលីបញ្ជូនទៅកាន់ប្រទេសទីបី
ឬទីបួនបន្តបន្ទាប់ទៀតដែរ។
គេព្រួយបារម្ភចំពោះការតាំងទីលំនៅរបស់ជនភៀសខ្លួននៅកម្ពុជា
គឺដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ មានសេវាសុខាភិបាលទន់ខ្សោយ
ការគោរពសិទ្ធិមនុស្សនៅមានកម្រិតជាដើម។
ដូច្នេះហើយគេភ័យខ្លាចថាកម្ពុជាមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ
មើលថែទាំ និងថែរក្សាជនភៀសខ្លួនទាំងនោះបានល្អប្រសើរឡើយ។
ចំណែកអូស្ត្រាលីបរាជ័យក្នុងការគោរពកាតព្វកិច្ចមនុស្សធម៌អនុលោមតាម
អនុសញ្ញាស្តីពីសិទ្ធិជនភៀសខ្លួន
ដោយប្រើប្រាស់នូវការរឹតបន្តឹងការផ្តល់សិទ្ធិជ្រកកោន
ចាប់ជនភៀសខ្លួនឃុំឃាំង
និងបញ្ជូនពួកគេទៅកាន់ទីកន្លែងដែលគ្មានការផ្គត់ផ្គង់និងថែទាំ
ត្រឹមត្រូវជាដើម៕
No comments:
Post a Comment