គ្រូ​និង​សិស្ស​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ប្រតិកម្ម​ការ​​តម្រូវ​ឲ្យ​សិស្ស​កាត់​ឯកសារ​បែប​ថ្មី

ក្រុម​គ្រូបង្រៀន និង​សិស្ស​សាលា​មួយ​ចំនួន​ប្រតិកម្ម​ប្រឆាំង​ការ​សម្រេច​របស់​នាយិកា​នៃ​ វិទ្យាល័យ​សិរីសោភ័ណ ក្នុង​ខេត្ត​បន្ទាយមានជ័យ។ ការ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នេះ នៅ​បន្ទាប់​ពី​នាយិកា​នៃ​វិទ្យាល័យ​សិរីសោភ័ណ តម្រូវ​ឲ្យ​សិស្ស​ដែល​សិក្សា​នៅ​វិទ្យាល័យ​នេះ​ទាំង​អស់​ត្រូវ​កាត់​ ឯកសណ្ឋាន​តាម​បែប​ថ្មី ក្រៅ​ពី​សំលៀក​បំពាក់​ដែល​ពួក​គេ​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​បន្ថែម​ទៀត។
គ្រូ​បង្រៀន​និយាយ​ថា ការ​ជំរុញ​ឲ្យ​ប្រើ​សម្លៀក​បំពាក់​ថ្មី​នេះ ចាប់​អនុវត្ត​បាន​​ជាង ១​ខែ​មក​ហើយ ខណៈ​ពេល​ដែល​សិស្ស​សាលា​ភាគ​ច្រើន​ដែល​កំពុង​សិក្សា​នៅ​ទី​នោះ​បញ្ជាក់​ជំហរ ​មិន​ពេញ​ចិត្ត​ជុំវិញ​ចំណាត់​ការ​របស់​នាយិកា​នៅ​ពេល​នេះ ដោយ​ពួក​គេ​ចាត់​ទុក​ថា ជា​សកម្មភាព​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា។
គ្រូបង្រៀន​ម្នាក់​ដែល​បង្រៀន​នៅ​ទី​នោះ និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ថា តម្រូវ​ការ​ថ្មី​របស់​នាយិកា​នេះ គឺ​វា​លើស​ពី​សមត្ថភាព​របស់​សិស្ស ជាពិសេស​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ។ លោក​បន្ត​ថា ពួក​គេ​ត្រូវ​ចំណាយ​មិន​តិច​ជាង ១០​ម៉ឺន​រៀល​ទេ​ក្នុង​មួយ​ឈុត​ឯកសណ្ឋាន​តាម​បែប​សិស្ស​សាលា ក្នុង​នោះ​រួម​ទាំង​ទ្រនាប់​ជើង​ផង។
ម្យ៉ាង​វិញ​ទៀត​លោក​អះអាង​ថា អ្វី​ដែល​នាយិកា​នៃ​វិទ្យាល័យ​សិរីសោភ័ណ​នេះ អាច​ធ្វើ​អ្វី​ទៅ​បាន គឺ​មាន​ខ្នង​បង្អែក​យ៉ាង​ក្រាស់​នៅ​ពី​ក្រោយ គឺ​បង​ប្រុស​របស់​អ្នកស្រី​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ថែម​ទៀត​ផង។
លោក​ចាត់​ទុក​ថា នេះ​មិន​ខុស​ពី​ការ​ចាប់​បង្ខំ​សិស្ស​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ដែល​មិន​មាន​នៅ​ក្នុង​ក្រសួង​អប់រំ​នោះ​ទេ៖ «អ្នក ​គ្រូ​ដែល​ជា​នាយិកា​ហ្នឹង​គាត់​ត្រូវ​ជា​ប្អូន​លោក ណាត ប៊ុនរឿន ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ផង​ហ្នឹង គាត់​តែង​តែ​អាង​អំណាច​អាង​បងៗ​អ៊ីចឹង​គឺ​ថា គាបសង្កត់​ទៅ​លើ​គ្រូៗ ជួន​កាល​ទៅ​ដល់​សិស្ស និង​អាណាព្យាបាល​សិស្ស​ក៏​មាន​ដែរ។ រហូត​ទៅ​ដល់​ស្ថាប័ន​ថ្នាក់លើ​ដែល​ជា​មន្ទីរ​អប់រំ​អ៊ីចឹង​ជាដើម។ អ៊ីចឹង​ទៅ​មិន​សូវ​មាន​ពី​ណា​​គេ​ហ៊ាន​ងើប។ គេ​ខ្លាច​ទាក់ទង​ទៅ​នឹង​កាត​គាបសង្កត់​របស់​គាត់​ហ្នឹង»
ដោយ​ឡែក​ក្រុម​សិស្ស​សាលា​មួយ​ចំនួន​ដែល​សិក្សា​នៅ​វិទ្យាល័យ​សិរីសោភ័ណ វិញ ត្អូញត្អែរ​ថា ពួក​គេ​ពិត​ជា​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​រក​លុយ​ដើម្បី​បំពេញ​តម្រូវ​ការ​ បន្ថែម​នេះ​ទៀត​ឡើយ។ មួយ​វិញ​ទៀត ពួក​គេ​អះអាង​ថា នេះ​ជា​បន្ទុក​មួយ​ជាន់​ទៀត​ក្រៅ​ពី​ការ​ចំណាយ​លុយ​ដ៏​ច្រើន​ក្រាស់ក្រែល​ ក្នុង​ការ​រៀន​គួរ​បន្ថែម​ស្ទើរ​គ្រប់​មុខវិជ្ជា​ហើយ​នោះ។
ក្រុម​សិស្ស​សាលា​និយាយ​ថា ពួកគេ​មិន​ទាន់​ចាំបាច់​ណាស់​ណា​រឿង​ឯកសណ្ឋាន​ថ្មី​ទៀត​ឡើយ ដោយ​ហេតុ​ថា សម្រាប់​ឯកសណ្ឋាន​ដែល​មាន​ស្រាប់ គឺ​សមរម្យ​ណាស់​ទៅ​ហើយ៖ «សម្រាប់​ខ្ញុំ ខ្ញុំ​អត់​សូវ​ពេញចិត្ត​ប៉ុន្មាន​​ទេ ព្រោះ​អី​ខ្ញុំ​ជា​សិស្ស​ក្រីក្រ​​ម្នាក់។ កូន​ខ្លះ​សិស្ស​ដែល​គ្នា​មក​ពី​កន្លែង​ដែល​គ្នា​ក្រីក្រ​ហ្នឹង គឺ​ឪពុកម្ដាយ​កូន​សិស្ស​ហ្នឹង​ដូច​ជា​មិន​ចូលចិត្ត​ប៉ុន្មាន​ដែរ»
ឆ្លើយ​តប​ប្រតិកម្ម​នេះ នាយិកា​ប្រតិបត្តិ​នៃ​វិទ្យាល័យ​សិរីសោភ័ណ អ្នកស្រី ណាត ស៊ីឡាយ អះអាង​ថា អ្នកស្រី​មិន​បាន​ចាប់​បង្ខំ​សិស្ស​ជា​ចាំបាច់​ត្រូវ​តែ​កាត់​សំលៀកបំពាក់​ ដូច​អ្វី​ដែល​អ្នកស្រី​ចង់​បាន​នោះ​​ទេ។ អ្នកស្រី​បន្ត​ថា ផ្ទុយ​ទៅ​វិញ បើ​សិស្ស​សាលា​មួយ​ណា​ពុំ​មាន​លទ្ធភាព​ទេ ហើយ​ពិត​ជា​មាន​ឆន្ទៈ​ចង់​បាន​មែន​នោះ អ្នកស្រី​អាច​ឲ្យ​ពួកគេ​សង​រំលោះ​បាន។
អ្នកស្រី​ពន្យល់​ថា មុន​នឹង​អ្នក​ស្រី​សម្រេច​ថា នឹង​ដាក់​ឲ្យ​មាន​នូវ​ឯកសណ្ឋាន​ថ្មី​នេះ គឺ​បាន​ពិគ្រោះ​យោបល់​រួច​ហើយ​ជាមួយ​អភិបាល​ខេត្ត​បន្ទាយមានជ័យ មុន​នឹង​ដំណើរ​នៅ​ពេល​នេះ៖ «ខ្ញុំ​ធ្វើ​គឺ​សាលា​ចេញ​ទៅ​​មាន​របៀបរបប​ តែម្ដង ហើយ​ឯកឧត្ដម​គាត់​អ្នក​ឲ្យ​យោបល់​ខ្ញុំ។គាត់​ថា​ប្រសិន​បើ​សាលា​នៅ​ក្នុង​ ខេត្ត​បន្ទាយមានជ័យ មាន​ឯកសណ្ឋាន​រៀបរយ​ល្អ វា​ជា​កិត្តិយស​សម្រាប់​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​សិស្ស​សាលា​ទូទាំង​ប្រទេស​ទាំងអស់។ គាត់​ថា មើល​ថៃ​គេ​រៀបចំ​ស្អាត​ណាស់​អ្នក​គ្រូ ហើយ​ខ្ញុំ​មិន​បាន​ឲ្យ​កាត់​បួន​ប្រាំ​កំប្លេ បំផ្លាញ​លុយ​ឪពុក​ម្ដាយ​ទេ សូម​តែ​មួយ​កំប្លេ»
បើ​តាម​អ្នកស្រី ណាត ស៊ីឡាយ ឯកសណ្ឋាន​ថ្មី​នេះ គឺ​មាន​លក្ខណៈ​ដៃ​ប៉ោង​ស្មា ហោប៉ៅ​មុខ​ពីរ ហើយ​ខ្វៀល​ចង្កេះ​បន្តិច។ អ្នក​ស្រី​ឲ្យ​ដឹង​ទៀត គិត​មក​ដល់​ពេល​នេះ ឯកសណ្ឋាន​ដែល​កាត់​រួច​មាន​ចំនួន ១៥០​កំប្លេ​នៅ​ឡើយ​ទេ។ អ្នកស្រី​និយាយ​ថា ជា​ការ​ពិត​ឯកសណ្ឋាន​ដែល​អ្នកស្រី​តម្រូវ​ឲ្យ​មាន​នេះ គឺ​ទុក​សម្រាប់​ប្រើ​ក្នុង​ពេល​មាន​ពិធី​សំខាន់ៗ ដូច​ជា​គោរព​ទង់ជាតិ ឬ​ព្រឹត្តិការណ៍​នៅ​ក្នុង​វិស័យ​អប់រំ​ប៉ុណ្ណោះ។
ចំណែក​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បន្ទាយមានជ័យ លោក ឈើយ ចាន់ណា បាន​ឆ្លើយ​តប​យ៉ាង​​ខ្លី​ថា មាន​ការ​ចាំបាច់​មិន​អាច​និយាយ​បាន​មុន​ផ្ដាច់​ទូរស័ព្ទ​ចុះ។
យ៉ាង​ណា​ក៏​ដោយ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ យល់​ឃើញ​ថា នេះ​ជា​លក្ខខណ្ឌ​មួយ​ដែល​​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​អប់រំ​យុវជន​និង​ កីឡា។ ជាង​នេះ​ទៀត​នោះ តម្រូវ​ការ​តាម​បែប​ថ្មី​នេះ លោក​ចាត់​ទុក​ថា វា​ពិត​ជា​ប៉ះពាល់​ជា​ខ្លាំង​ចំពោះ​ជីវភាព​របស់​សិស្ស៖ «អ្នក​ក្រីក្រ​ច្រើន​ទៅ​ហើយ​យើង​តម្រូវ​ឲ្យ​ខាង​តែ​បាន អា​ហ្នឹង​វា​មាន​ការ​ប៉ះពាល់​ទៅ​ដល់​លទ្ធភាព ឪពុក​ម្ដាយ​អ៊ីចឹង​ផង​ដែរ»

 

No comments:

Post a Comment