វិប្បដិសារី​មួយ​ក្នុង​រលក​ជីវិត សុខ ពិសី

ប្រភព: Postkhmer

ដោយ​សារ​ការ​ស្រឡាញ់​សិល្បៈ​ចម្រៀង​តាំង​ពី​តូច​ក្រូច​ឆ្មារ​បាន​ញ៉ាំង​ ឲ្យ​តារា​ចម្រៀង សុខ ពិសី ដែល​ដើម​ឡើយ​មាន​ទីលំនៅ នៅ​ឯ ក្រុង​តាខ្មៅ ជម្នះ​គ្រប់​ឧបសគ្គ​ធ្វើ​ដំណើរ​ចុះ​ឡើង​មក ភ្នំពេញ ដើម្បី​ស្វែង​រក​ឱកាស​ហក់​ចូល​វិស័យ​ចម្រៀង។ ក្រោយ​ពេល​បាន​សម្រេច​បំណង និង​ទទួល​បាន​ភាព​ល្បាញ​ល្បី​កាន់​តែ​ខ្លាំង​នោះ ស្រាប់​នៅ​ក្នុង ឆ្នាំ​២០០៨ តារា​រូប​នេះ​ទទួល​រង​វិប្បដិសារី​ស្ទើរ​ងើប​មុខ​មិន​រួច ដោយ​សារ​តែ​ម្តាយ​របស់​នាង​រួម​ជាមួយ​នឹង​បង​ប្អូន​ជាច្រើន​នាក់​បាន​ស្លាប់ ​ក្នុង​ពេល​តែ​មួយ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៤ ដែល​រូប​នាង​ជា​អ្នក​បើកបរ។ តើ​ការ​ប្រឹង​ប្រែង​រស់​ក្រោយ​ម្តាយ​ស្លាប់​របស់​តារា​ចម្រៀង​រូប​នេះ​ទៅ​ជា ​យ៉ាង​ណា?
20140920_05a
នាង សុខ ពិសី មាន​កំណើត​កើត​ជា​នៅ​ថ្ងៃ ទី១៩ ខែ​ធ្នូ ឆ្នាំ​១៩៩០ នៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ តារា​ស្រី​សាច់​ស​ខ្ចី​រូប​នេះ​មាន​ឪពុក​ឈ្មោះ សុខ ហេង អាយុ ៤៨​ឆ្នាំ ជា​មន្ត្រី​ក្នុង​ជួរ​ទាហាន រីឯ​ម្ដាយ​ឈ្មោះ រស់ សុគន្ធារី (បាន​ទទួល​មរណភាព​ក្នុង​ហេតុ​ការណ៍​ក្រឡាប់​រថយន្ត​កាល​ពី ខែ​មេសា ឆ្នាំ​២០០៨)។ សុខ ពិសី មាន​បង​ប្អូន​បី​នាក់ (ប្រុស ២ ស្រី ១) ហើយ​នាង​ជា​កូន​ទី​ពីរ។ នាង​មាន​កម្ពស់ ១៦៧ សង់​ទីម៉ែត្រ និង​មាន​ទម្ងន់​ជា​មធ្យម ៤៧ គីឡូក្រាម។
សុខ ពិសី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បាក់ឌុប​ក្នុង ឆ្នាំ​២០០៨ ប៉ុន្មាន​ខែ​ក្រោយ​ពេល​ដែល​នាង​ជួប​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត ហើយ​នាង​ត្រូវ​ចូល​រួម​ប្រឡង​ទាំង​ឈឺ​តែ​ម្តង។ គ្រោះ​ល្អ​នាង​បាន​ជាប់​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ហើយ​ក៏​បាន​ឱកាស​ចូល​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ឯកជន​មួយ។
ដោយ​សារ​តែ​ចង់​ក្លាយ​ជា​តារា​ចម្រៀង និង​មាន​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​ផង​នោះ (ជីតា​ជា​អ្នក​និពន្ធ និង​ម្តាយ​ជា​គ្រូ​សិល្បៈ​នៅ​សាលា) នៅ​អាយុ ១៧​ឆ្នាំ យុវតី​នាង សុខ ពិសី ក៏​បាន​ចូល​ខ្លួន​មក​ហាត់​រៀន​ផ្នែក​សិល្បៈ​ចម្រៀង​នៅ​ក្នុង​ក្លិប​មួយ​ កន្លែង។ ដោយ​មើល​ឃើញ​ថា នាង​មាន​ទេព​កោសល្យ គ្រូ​បង្ហាត់​ក៏​បាន​ណែនាំ​ឲ្យ​នាង​បាន​សុំ​ធ្វើ​តេស្ត​ច្រៀង​នៅ​ផលិតកម្ម KH ជា​លទ្ធផល នាង​ក៏​បាន​ជាប់​ការ​ធ្វើ​តេស្ត​សំឡេង​នោះ ហើយ​នាង​ក៏​បាន​ក្លាយ​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិ​របស់ KH តែ​ម្តង​នៅ​ក្នុង ឆ្នាំ​២០០៥។
តារា​ចម្រៀង​នាង សុខ ពិសី។
តារា​ចម្រៀង​នាង សុខ ពិសី។ សេត គឹមសឿន
តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ថា៖ «តាំង​ពី​តូច​មក​ខ្ញុំ​ស្រឡាញ់​សិល្បៈ​ណាស់ ហើយ​ខ្ញុំ​សំណាង​ដែរ ដែល​លោក​ឪពុក​អ្នក​ម្តាយ​មិន​ដែល​ជំទាស់​នឹង​បំណង​នេះ​ទេ មាន​តែ​លើក​ទឹក​ចិត្ត ទោះ​បី​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ។ គុណូបការៈ​នេះ​ហើយ​ដែល​ជួយ​ឲ្យ​ខ្ញុំ​មាន​កិត្តិយស​កេរ្តិ៍​ឈ្មោះ​រហូត​មក​ ដល់​សព្វ​ថ្ងៃ​នេះ»។
លុះ​នៅ ឆ្នាំ​២០០៧ តារា​ចម្រៀង​ដែល​មាន​ឈ្មោះ​ល្បី​រួច​ជា​ស្រេច​នៅ KH ក៏​បាន​ប្តូរ​ទ្រនំ​ទៅ​កាន់​ផលិតកម្ម Nice Star ទាំង​មាន​បណ្តឹង​ប្រទាំង​ប្រទឹស​ពី​លោក គឹម ហេង ចាង​ហ្វាង​ផលិតកម្ម KH។ នៅ ឆ្នាំ​២០០៨ ជា​ឆ្នាំ​ដ៏​អាក្រក់​នៅ​ក្នុង​ជីវិត​តារា​ចម្រៀង សុខ ពិសី ដោយ​សារ​តែ​រថយន្ត Lexus ផ្ទុក​មនុស្ស​ណែន​របស់​នាង ដែល​បើកបរ​ដោយ​នាង​ផ្ទាល់ បាន​ក្រឡាប់​ជាច្រើន​ត្រឡប់​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ លេខ ៤ ឆ្ពោះ​ទៅ ខេត្ត​ព្រះ​សីហនុ ជា​ទី​ដែល​នាង​ត្រូវ​ឡើង​ច្រៀង។ ក្នុង​នោះ​មនុស្ស ៤​នាក់ បាន​ស្លាប់ ដោយ​រួម​ទាំង​ម្តាយ​របស់​នាង​ផង។ សុខ ពិសី ក៏​បាន​ក្លាយ​ជា​នារី​កំព្រា​ម្តាយ តាំង​ពី​នាង​មាន​អាយុ ២០​ឆ្នាំ។ រឿង​ហេតុ​មួយ​នេះ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​វិប្បដិសារី​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជីវិត​របស់​តារា​ចម្រៀង​ស្រី​ល្បី​ ឈ្មោះ​មួយ​នេះ។
ទាំង​អារម្មណ៍​ក្តុក​ក្តួល​រំជួល​ចិត្ត ដ្បិត​ពេល​នេះ​ចំ​រដូវ​ភ្ជុំ​បិណ្ឌ​ផង​នោះ សុខ ពិសី បាន​រៀបរាប់​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ថា ក្រោយ​អ្នក​ម្តាយ​របស់​នាង​លាចាក​លោក​ទៅ នាង​ពិត​ជា​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​ខ្លាំង​ណាស់ ហើយ​នាង​បាន​ជួប​ការ​លំបាក​ច្រើន​ជាង​មុន។
ពិសី និយាយ​ទាំង​អួល​ដើម​ករ​ថា៖ «ពី​មុន​ខ្ញុំ​ហត់​នឿយ ខ្ញុំ​តែង​និយាយ​តម្អូញ​តម្អែរ​ប្រាប់​ម្តាយ​ខ្ញុំ ហើយ​គាត់​តែង​លួង​លោម និង​ជួយ​ខ្ញុំ​រហូត ហើយ​ពេល​ទៅ​ណា​មក​ណា គាត់​តែង​នៅ​ជាមួយ​ខ្ញុំ​ជានិច្ច។ ដៃ​ទាំង​ពីរ​របស់​គាត់​ថ្នាក់​ថ្នម​ខ្ញុំ​រហូត​តាំង​ពី​តូច​មក ទោះ​បី​ជា​ហត់​នឿយ​ប៉ុន​ណា​ក៏​បាន​រសាយ​ដែរ ប៉ុន្តែ​នៅ​ពេល​នេះ អត់​មាន​ទៀត​ទេ»។
ប៉ុន្តែ​យ៉ាង​ណា​តារា​ស្រី​រូប​នេះ ក៏​មិន​រស់​នៅ​ឯកា​នោះ​ដែរ ដោយ​សារ​តែ​រូប​នាង​មាន​លោក​ឪពុក​ជួយ​មើល​ថែ​គ្រប់​យ៉ាង​បន្ត​ជាមួយ​នឹង​បង​ ប្អូន​សាច់​ញាតិ។
ទោះ​បី​ជា​រំលង​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ ប៉ុន្តែ​ស្រមោល​អតីតកាល​នៅ​តែ​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​ស្រក់​ទឹក​ភ្នែក​ ដោយ​សារ​តែ​នឹក​អ្នក​ម្តាយ​ជា​ទី​ស្រឡាញ់។ នៅ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នេះ (គិត​ត្រឹម​ថ្ងៃ ទី១៦ កញ្ញា បិណ្ឌ ទី៨) សុខ ពិសី បាន​ឲ្យ​ដឹង​ថា រូប​នាង​បាន​នាំ​យក​នូវ​ចង្ហាន់ និង​បច្ច័យ​ទៅ​ប្រគេន​ដល់​ព្រះ​សង្ឃ​បាន ៤ វត្ត​ហើយ ដើម្បី​ឧទ្ទិស​មគ្គផល​ទាំង​ឡាយ​ជូន​អ្នក​ម្តាយ និង​ញាតិ​ទាំង ៧ សន្តាន។
ទាំង​អារម្មណ៍​រន្ធត់​ចិត្ត​ដ្បិត​បាត់​ម្តាយ​ជា​ទី​ស្រឡាញ់​នោះ សុខ ពិសី បាន​ឲ្យ​ដឹង​ថា៖ «នៅ​ពេល​ទៅ​ណា​មក​ណា​ឃើញ​គេ​មាន​ម្តាយ ខ្ញុំ​ពិត​ជា​តូច​ចិត្ត​ណាស់ ខ្ញុំ​ចង់​ប្រាប់​ថា កូន​នឹក​ម៉ាក់ ចង់​ឱប​ម៉ាក់​ណាស់… ហើយ​ខ្ញុំ​នឹង​ទៅ​ឲ្យ​បាន​ច្រើន​វត្ត​ដើម្បី​ឧទ្ទិស​មគ្គផល​ជូន​គាត់»។
គួរ​បញ្ជាក់​ថា ក្រោយ​រង​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​គេ​គ្រប់​គ្នា​បាន​គិត​ថា សុខ ពិសី នឹង​បញ្ចប់​អាជីព​សិល្បៈ​របស់​នាង តែ​អ្វីៗ បែរ​ជា​ខុស​ការ​ស្មាន ខណៈ​ដែល​ស្ងាត់ៗ សុខ ពិសី ក៏​វិល​មក​កាន់​វិថី​ចម្រៀង​វិញ ក្នុង ខែ​មេសា ឆ្នាំ​២០០៩ ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​កូរ៉េ​មួយ ប៉ុន្តែ​បាន​តែ​មួយ​ដង្ហើម​ចង្រិត​ផលិតកម្ម​នោះ​ក៏​បិទ​ទ្វារ។ ដោយ​សារ​តែ​នាង​នៅ​តែ​មាន​ទឹក​ដម​សំនៀង​ល្អ ពិសី ក៏​បាន​ក្លាយ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម សាន់ដេ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​នាង​កំពុង​ក្រសោប​បាន​ភាព​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​ផង​ដែរ៕

No comments:

Post a Comment