Apple នាំ​អ្នក​សារព័ត៌មាន​​​ទៅ​កាន់​កន្លែង​ធ្វើតេស្ត iPhone 6 Plus ដើម្បី​ឱ្យ​ច្បាស់​ថា​កោង​ដោយ​សារ​អន់​គុណភាព​ឬ​យ៉ាងណា

កន្លែងធ្វើតេស្ត​គុណភាព iPhone របស់​ក្រុមហ៊ុន Appleប្រភព៖​ theverg








ដើម្បី​ជា​ការ​បង្ហាញ​ភាព​សុក្រឹត​ត្រឹមត្រូវ​នៅ​ក្នុង​ការ​ធ្វើតេស្ត​ គុណភាព​តួខ្លួន iPhone 6 Plus និង​ដើម្បី​ស​ឱ្យ​ឃើញ​ដើម​ចម​នៃ​ការ​ងាក​កោង​នៃ​តួ iPhone 6 Plus កន្លង​ទៅ ថ្ងៃ​នេះ​ក្រុមហ៊ុន Apple បាន​អញ្ជើញ​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ដល់​មន្ទីរ​ពិសោធន៍​របស់​ខ្លួន​ដោយ​ ផ្ទាល់។

ថ្មីៗ​នេះ ក្រុមហ៊ុន Apple បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន ដោយ​បាន​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ដែល​បាន​លើកឡើង​ត្រង់​ចំណុច​កម្សោយ iPhone 6 Plus គ្រាន់តែ​ដាក់​ក្នុង​ហោប៉ៅ​កោង។ ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា មាន​អតិថិជន​តែ ៩នាក់​ ឬ ៩គ្រឿង​ទេ​ដែល​ត្អូញត្អែរ​ពី iPhone 6 Plus របស់​ខ្លួន​ថា​កោង​ក្រោយ​ពី​បាន​ដាក់​ក្នុង​ហោប៉ៅ​ខោ​។

ដើម្បី​បង្ហាញ​អំពី​គោលការណ៍​នៃ​ការ​ធ្វើតេស្ត​យ៉ាង​ម៉ត់ចត់​របស់​ខ្លួន ពេល​នេះ​ក្រុមហ៊ុន Apple បាន​អញ្ជើញ​អ្នក​សារព័ត៌មាន​ពី​គេហទំព័រ CNBC និង The Verge ទៅ​កាន់​កន្លែង​ធ្វើតេស្ត ដើម្បី​បាន​មើល​ជាក់ស្ដែង​អំពី​គុណភាព​នៃ​ម៉ាស៊ីន​ធ្វើតេស្ត។ លោក Dan Riccio បាន​ប្រាប់​អ្នក​សារព័ត៌មាន​មក​ពី​គេហទំព័រ CNBC ថា៖ «iPhone 6 ទាំង​ពីរ​ម៉ូដែល​ជា​ផលិតផល​ដែល​យើង​បាន​ធ្វើតេស្ត​ល្អិតល្អន់​ច្រើន​ដង​ បំផុត ដែល iPhone ជំនាន់​មុនៗ​មិន​ធ្លាប់​ធ្វើ​ល្អិតល្អន់​ដូច​នេះ​ផង។»

លោក Riccio ក៏​បាន​ប្រាប់​អ្នក​សារព័ត៌មាន​របស់ The Verge ផង​ដែរ​ថា៖ «ដូចដែល​យើង​បាន​បន្ថែម​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ជាច្រើន ហើយ​យ៉ាង​ហោច​ក៏​ក្រុមហ៊ុន​ព្យាយាម​រក​កម្សោយ​ឱ្យ​ឃើញ មុន​ពេល​លក់​ជូន និង​ធ្វើ​ឱ្យ​កោង​ដោយ​ដៃ​អតិថិជន​នោះ»។ យោង​តាម​ក្រុមហ៊ុន Apple បាន​ឱ្យ​ដឹង​ថា iPhone 6 និង iPhone 6 Plus បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​លើ​គុណភាព​ចំនួន​រហូត​ ១៥.០០០ ដង ​ឯណោះ​មុន​នឹង​ចេញ​លក់។ លោក Riccio បាន​បន្ថែម​ថា៖ «ប្រការ​សំខាន់​គឺ​ថា ប្រសិន​អ្នក​ប្រើ​កម្លាំង​ខ្លាំង​អស់​មួយ​ទំហឹង​ហើយ​នោះ មិន​ថា​តែ iPhone នោះ​ទេ ទូរស័ព្ទ​ណា​ក៏​នឹង​ខូច​ទ្រង់ទ្រាយ​ដូច​គ្នា​ដែរ»។ នៅ​ពេល​ការ​សាកសួរ​អំពី​របាយការណ៍ iPhone 6 Plus កោង លោក Phil Schiller ដែល​ជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់ Apple សង្កត់​ធ្ងន់​ថា៖ «ជា​រឿង​ដ៏​កម្រ​នឹង​កើត​ឡើង​ណាស់» និង​បាន​និយាយ​ទៅ​កាន់​គេហទំព័រ CNBC ថា ក្នុង​ចំណោម iPhone 6/6 Plus ដែល​លក់​ដាច់​ប្រមាណ ១០លាន​គ្រឿង មាន​តែ​អតិថិជន ៩នាក់​ ដែល​ត្អូញត្អែរ​បែបនេះ។ លោក​ថែមទាំង​បាន​និយាយ​ប្រាប់ The Verge ទៀត​ថា៖ «Apple បាន​ឌីហ្សាញ iPhone ជំនាន់​ថ្មី​នេះ​ឡើង​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ក្លាយ​ជា​ផលិតផល​ទំនើប​ខុស​ពី​ ស្មាតហ្វូន​ទូទៅ និង​មាន​សមត្ថភាព​ខ្ពស់​គួរ​ឱ្យ​ជឿ​ទុកចិត្ត​សម្រាប់​អតិថិជនក្នុង​ការ​​ កាន់​ប្រើ»។

លើស​ពី​ការ​ធ្វើតេស្ត​ដោយ​ប្រើ​ម៉ាស៊ីន ក្រុមហ៊ុន​ថែមទាំង បាន​ដាក់​ឱ្យ​បុគ្គលិក​​រាប់រយ​នាក់​ របស់​ខ្លួន​ធ្វើតេស្ត តាមរយៈ​ការ​ប្រើ​​ជាក់ស្ដែង​ក្នុង​ស្ថានភាព​ផ្សេងៗ​គ្នា​ ដើម្បី​ឱ្យ​ប្រាកដ​អំពី​គុណភាព​ធន់​នឹង​ការ​ប្រើប្រាស់​​កម្រិត​ណា៕

No comments:

Post a Comment