ប្រាសាទបុរាណភូមា អាចប្រជែងយកភ្ញៀវទេសចរពីក្រុងអង្គរឆ្នាំ២០២០?
ប្រភព សប្បាយ
ចំនួនភ្ញៀវទេសចរបរទេសបានសម្រុកទៅលេងភូមាយ៉ាងគំហុក
ក្រោយពីប្រទេសនេះបានធ្វើកំណែទម្រង់នយោបាយពីរដ្ឋាភិបាលយោធា
ទៅជារដ្ឋាភិបាលកាន់លទ្ធិប្រជាធិបតេយ្យ
បណ្ដាលឲ្យមានការព្រួយបារម្ភថា
ចំនួនភ្ញៀវទេសចរបរទេសខ្លះនឹងបំបែរទិសដៅ ពីកម្ពុជា ទៅភូមាវិញ។បើយោងតាមប្រព័ន្ធផ្សព្វផ្សាយមួយរបស់អូស្ត្រាលី Herald Sun ឲ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសទៅកាន់ភូមា កើនពី៣០ម៉ឺនក្នុងឆ្នាំ២០១០ ដល់ប្រហែល១លាន់នាក់ ក្នុងឆ្នាំ២០១២ និងជាង២លាន់នាក់ក្នុងឆ្នាំ២០១៣។ នៅឆ្នាំ២០២០ខាងមុខនេះ មន្ត្រីរដ្ឋាភិបាលភូមាបានព្យាករណ៍ថា ចំនួនភ្ញៀវទេសចរទៅលេងប្រទេសខ្លួន នឹងកើនដល់៧លាននាក់។


-អានអត្ថបទ៖ ប្លុកខារ៉ាអូខេថ្មីមហាធំនៅភ្នំពេញប្លែកភ្នែកបើមិនធ្លាប់ទៅដល់
ការរំពឹងនេះ គឺដោយសារភូមាមានទីក្រុងទាក់ទាញទេសចរណ៍ ដូចជា Yangon និងទីក្រុងបុរាណ Bagan ដែលមានប្រាសាទជាង២០០០ឯណោះ ព្រមទាំងបឹងធម្មជាតិដ៏ស្រស់ស្អាតផង។ ទន្ទឹមនឹងនោះដែរ សណ្ឋាគារក្នុងប្រទេសខ្លួន ដែលមានអញ្ញាតប័ណ្ណទទួលភ្ញៀវទេសចរបរទេសឲ្យស្នាក់នៅមានជិត៨០០ ដែរ។
ចំណែកភ្ញៀវទេសចរបរទេស ដែលមកលេងនៅប្រទេសកម្ពុជាវិញ ១១ខែក្នុងឆ្នាំ២០១៣ ដោយចាប់ពីខែមករា ដល់ខែវិច្ឆិកា មានចំនួនជិត ៣លាន ៨០ម៉ឺននាក់។ ប៉ុន្តែនៅឆ្នាំ២០២០ដូចគ្នា ក្រសួងទេសចរណ៍បានរំពឹងទុកថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជានឹងកើនដល់៧លាននាក់ ប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងពី ឯកឧត្ដម ទិត ចិន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ដែលបានថ្លែងនាពេលកន្លងទៅ។
ប៉ុន្តែដើម្បីឲ្យបានចំនួនភ្ញៀវទេសចរបរទេសមកលេងកម្ពុជារហូត ដល់ចំនួនប៉ុណ្ណឹង កម្ពុជាក៏ត្រូវផលិតអ្នកធ្វើការជំនាញឲ្យបានប្រមាណ៦ម៉ឺននាក់ ក្នុងចំណោម៣០ម៉ឺននាក់ ដែលពាក់ព័ន្ធនឹងវិស័យនេះ។
ទីក្រុងបុរាណ Bagan របស់ប្រទេសភូមា


លោក ទេព ណារិទ្ធ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស នៅខេត្តសៀមរាប តែងសង្កេតឃើញថា ភ្ញៀវទេសចរដែលជាអតិថិជនរបស់លោកចង់ទៅកម្សាន្តនៅកន្លែងណាថ្មី និងប្លែក។ ដោយសារនៅភូមាក៏មានប្រាសាទបុរាណ ភូមិជនជាតិភាគតិច និងតំបន់រមណីយដ្ឋានបែបធម្មជាតិដូចខ្មែរដែរ ដូច្នេះលោកយល់ថា ភ្ញៀវដែលមានថវិកាកំណត់ត្រឹមមកលេងពីរប្រទេសនៅអាស៊ី ក៏អាចជ្រើសរើសទៅលេងនៅប្រទេសថៃមួយ និងប្រទេសភូមាមួយ ដូច្នេះលោកយល់ថា មានតែទាំងឯកជន និងរដ្ឋ ដែលធ្វើការលើវិស័យនេះ ត្រូវរួមគ្នាផ្សព្វផ្សាយពីប្រទេសកម្ពុជាឲ្យបានខ្លាំងក្លា។
លោក ហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារទេសចរណ៍ យល់ថា អ្វីៗក៏មានប្រកួតប្រជែងដែរ រាប់ទាំងវិស័យទេសចរណ៍នេះផង។ បន្ទាប់ពីភូមាមានកំណែទម្រង់នៅប៉ុន្មានឆ្នាំនេះ លោកថា អ្នកធ្វើការលើវិស័យទេសចរណ៍កម្ពុជាខ្លះមានការបារម្ភណាស់។
ប៉ុន្តែដើម្បីទប់ស្កាត់ពីការបែរទិសដៅទេសចរណ៍ ពីកម្ពុជាទៅភូមា លោក ហូ វណ្ឌី ឲ្យយោបល់ថា៖ “យើងត្រូវពង្រឹងតម្លៃ និងសេវាកម្ម ទាំងរដ្ឋ និងឯកជន។ តម្លៃមិនត្រូវថ្លៃឆ្ងាយពីគេពេកទេ ហើយសេវាកម្មគឺត្រូវល្អ។ តែទោះបីយ៉ាងណា យើងមានសក្ដានុពលច្រើនជាងភូមា”៕
No comments:
Post a Comment