មាន សូនីតា ចំណងស្នេហ៍ ប្រែប្រួលប្លែក
ភ្នំពេញ៖ សម្ព័ន្ធភាពស្នេហារវាង តារាសម្តែង មាន សូនីតា និង តារាប្រុសរូបរាង សង្ហាលោក ហួរ នរៈមង្គល ហាក់ប្រែប្រួលចម្លែក ក្នុងមួយរយៈពេល ចុងក្រោយនេះ ខណៈភាពល្អូកល្អឺន បានប្រែទៅជា ស្ងួតរីងក្រៀមក្រោះ គួរឲ្យសង្ស័យ។ អ្នកខ្លះថា ចំណងស្នេហ៍ របស់ពួកគេ ស្ថិតក្នុងសភាព ផុយស្រួយ តែខ្លះទៀតយល់ថា ពួកគេកំពុងប្រឹងទប់ កុំឱ្យជីវិតស្នេហ៍ របស់ខ្លួនលាន់ ឮដូចគេទូងស្គរ ចេញទៅខាងក្រៅ។ចំណងស្នេហ៍មួយ ដែលគេរំពឹងថា នឹងធ្វើឲ្យតារាសម្តែងស្រី វ័យក្មេងធ្មេញជំពីស មាន សូនីតា អាចឈានទៅ រកសុភមង្គល នៃជីវិតនា ពេលអនាគត គឺពេលនេះបានប្រែ ទៅជាភាពស្ងប់ស្ងាត់ ប្រៀបដូចរលកស្ងប់ខ្យល់។ ទន្ទឹមនឹងនេះ ក៏មានការបង្ហើបឲ្យដឹងថា ប្រហែល ៣-៤ ខែចុងក្រោយនេះ អ្នកទាំងពីរបានធ្វើឲ្យគេ សម្គាល់ឃើញថា ពួកគេកំពុង នៅឆ្ងាយពីគ្នាដូចមេឃ និងដី ហើយគ្មានការប្រាស្រ័យ ទាក់ទងគ្នា សោះ សូម្បីតែខ្សែភ្នែកដែលពីមុន ធ្លាប់វេញត្របាញ់រកគ្នា ក៏លែងមានទៀតដែរ។
អ្នកសិល្បៈដែល នៅកៀកកិត កញ្ញា មាន សូនីតា បានប្រាប់ឲ្យដឹងថា ម្ចាស់ស្នេហ៍លោក ហួរ នរៈមង្គល ដែលគេធ្លាប់ដឹងថា បានចាប់ចិត្ត ប្រតិព័ទ្ធតារារូបស្រស់ កញ្ញា មាន សូនីតា ពេលនេះសម្ព័ន្ធភាព ទំនាក់ទងស្នេហា របស់ពួគេហាក់មាន ភាពឃ្លាតឆ្ងាយពីគ្នា។ ខណៈថ្មីៗនេះ ក៏មានការបែក ធ្លាយដំណឹងថា កំពុងមានភាគីទី៣ ចូលជ្រៀតជ្រែក ផ្តាច់ស្នេហ៍របស់ពួកគេ។
ប្រភពបានបន្តថា បើតាមការសង្កេត គឺមួយរយៈនេះគូស្នេហ៍ទាំងពីរ មានភាពខុសប្លែកជាង ពីប៉ុន្មានខែមុន ដែលព័ត៌មានស្នេហានេះ មិនទាន់បែក ធ្លាយសុះសាយ គេឧស្សាហ៍ឃើញ កញ្ញា មាន សូនីតា និង លោក ហួរ នរៈមង្គល បណ្តើរគ្នាទៅណាមកណា ដោយស្នាមញញឹម។ មិនត្រឹមតែប៉ុណ្ណោះ លោកធ្លាប់បង្ហាញការ យកចិត្តទុកដាក់ ជ្រាលជ្រៅចំពោះនាង ដោយជួយយកអាសា គ្រប់ពេលនាងត្រូវការ។
នៅព្រឹក ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនអាចសុំការបំភ្លឺ ពីកញ្ញា មាន សូនីតា បានទេ ជុំវិញការបែកធ្លាយ ដំណឹងបែកបាក់ស្នេហ៍ របស់ពួកគេទាំងពីរ ខាងលើ។
គួររំឭកថា សម្ព័ន្ធស្នេហារវាងតារាសម្តែង កញ្ញា មាន សូនីតា និង ហួរនរៈមង្គល បានធ្លាយចេញពីចង្កោម អ្នកសិល្បៈ កាលពីចុងឆ្នាំ២០១២ នៅពេលពួកគេទាំងពីរ រួមសម្តែងធ្វើជាតួឯកប្រុស-ស្រីរួមគ្នា ក្នុងរឿង "អ្នកមានគុណ"។ ចាប់តាំងពី ពេលនោះមក អ្នកទាំងពីរ ក៏បានផ្តើមមាន ទំនាក់ទំនង ស្និទ្ធស្នាល រហូតបានក្លាយទៅជាគូស្នេហ៍ ។ ប៉ុន្តែដំណឹងនេះ ត្រូវបានបិទបាំង ពីក្រសែភ្នែកមហាជន ក្រោយពីព័ត៌មាននេះ កាន់តែល្បីសុះសាយ ខ្លាំងឡើង៕



No comments:
Post a Comment