តុលាការ​ពន្យារ​ពេល​លើក​ទី​២​ប្រកាស​សាលក្រម​រឿង​បុរស​៦​នាក់​ប្រើ​ហិង្សា​នៅ​ក្បាល​ថ្នល់

ព្រឹត្តិការណ៍ ក្បាល​ថ្នល់ ៦១០
រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់ ត្រូវ​បាន​វាយ​កម្ទេច​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​នៅ​ស្ពាន​ក្បាល​ ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣។
សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ពន្យារ​ពេល​ជា​លើក​ទី​២​នៃ​ការ​ប្រកាស​សាលក្រម រឿង​ក្តី​បុរស ៦​នាក់ ដែល​ជាប់​ចោទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​នៅ​ក្បែរ​ស្ពាន​អាកាស​ ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣។
ចៅក្រម​ជំនុំ​ជម្រះ​ក្តី លោក សេង នាង បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២១ កុម្ភៈ ថា ការ​ពន្យារ​ពេល​នេះ ដោយសារ​រឿង​ក្តី​នោះ​ស្មុគស្មាញ​ពេក ដែល​ត្រូវ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត។ លោក​បន្ត​ថា សាលក្រម​ដដែល​នេះ​បាន​លើក​ពេល​បន្ត​ទៀត ហើយ​គ្រោង​នឹង​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ​ថ្ងៃ​ទី​២៨ កុម្ភៈ។
កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​បុរស ៦​នាក់​នោះ ប៉ុន្តែ​មិន​បាន​ប្រកាស​សាលក្រម​ភ្លាមៗ​ទេ ដោយ​ពន្យារ​ពេល​ទៅ​ថ្ងៃ​សុក្រ ទី​២១ ខែ​កុម្ភៈ ហើយ​មក​ដល់​ថ្ងៃ​កំណត់​នេះ ក៏​ប្រកាស​ពន្យារ​ពេល​ម្តង​ទៀត។
ជន​ជាប់​ចោទ​ទាំង ៦​នាក់​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ក្នុង​ចំណោម​ពួក​គេ​ទាំង ៦​នាក់​នោះ មាន ៥​នាក់​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ ដោយ​ឡែក​ម្នាក់​ទៀត ជា​ជនជាតិ​វៀតណាម ឈ្មោះ ង្វៀន ធីដុក កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ឡើយ៕

 

No comments:

Post a Comment